ទីតាំងទី១ នៃស.វ.ស៖ ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំពិធីសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាល និង សិក្ខាសាលាតម្រង់ទិសនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ ជំនាញវេជ្ជសាស្រ្ត, ឱសថសាស្រ្ត, ទន្តសាស្រ្ត, គិលានុបដ្ឋាក, ឆ្មប, ព្យាបាលដោយចលនា, បច្ចេកទេសមន្ទីរពិសោធន៍ សរុបជាង១ពាន់នាក់។
ពិធីធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស។ ក្នុងនោះមានវត្តមានលោកសាកលវិទ្យាធិការរង, ព្រឹទ្ធបុរស នាយកនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត, ឱសថសាស្រ្ត, ទន្តសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃស.វ.ស។ លោកវេជ្ជបណ្ឌិត ឡេង វេងសែ សាកលវិទ្យាធិការរងនៃស.វ.ស បានសម្តែងនូវមតិស្វាគមន៍ និងរាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធី។ អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស បានលើកឡើងថាពិធីសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលគឺជាលើកទី១ដែលសាកលវិទ្យាល័យបានរៀបចំ។ ឯកឧត្តមសាស្ត្រាចារ្យបានរំលេចពីតម្លៃនិមិត្តរូប ៤សំខាន់ៗ និងគុណធម៌យ៉ាងជ្រៅជ្រះនៃឯកសណ្ឋានវិជ្ជាជីវៈសុខាភិបាល។ ក្នុងឯកសណ្ឋានវិជ្ជាជីវៈសុខាភិបាលនេះ, ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ផងដែរពីដំណើរសំខាន់ៗដែលក្មួយៗនិស្សិតត្រូវជួបរួមមាន ពេលវេលាដ៏លំបាកចំពោះមុខ, ជីវិតមនុស្សដែលកំពុងផុយស្រួយ, អាចជួបនឹងកាលៈទេសៈមួយដែលឈឺចាប់បំផុត និងអាចរកឃើញនូវលទ្ធភាពជាមនុស្សដ៏អស្ចារ្យមួយរូបដណ្តើមជីវិតដែលស្ទើរនឹងផុតទៅបាត់ហើយនោះត្រលប់មកវិញ។ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការបានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យដែលបង្រៀននៅស.វ.ស និងនៅតាមទីតាំងកម្មសិក្សា ដែលតែងតែខិតខំផ្ទេរនូវចំណេះវិជ្ជា និងធ្វើជាគំរូល្អ ដល់និស្សិត។ ឯកឧត្តមសាស្ត្រាចារ្យបានយកឱកាសមានតម្លៃនេះ ថ្លែងអំណរគុណចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់របស់និស្សិតនៃស.វ.សគ្រប់ៗរូប ដែលលើកទឹកចិត្ត និងលះបង់គ្រប់បែបយ៉ាងដើម្បីឱ្យប្អូនៗនិស្សិតមានឱកាសដូចពេលនេះ។ នាក់ដឹកនាំនៃស.វ.ស បានផ្តល់កិត្តិយសបំពាក់ឯកសណ្ឋានវិជ្ជាជីវៈសុខាភិបាលជូនដល់និស្សិតដែលបានចូលរួមទាំងអស់។ និស្សិតដែលបានបំពាក់ឯកសណ្ឋានរួច បានធ្វើសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលប្រកបដោយក្តីមោទនភាព និងជាសក្ខីភាពនៅចំពោះមុខថ្នាក់ដឹកនាំនៃស.វ.ស និងមិត្តរួមជំនាន់៕