សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង
ជាគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងសុខាភិបាល មានតួនាទីចូលរួមអភិវឌ្ឍធនធានមនុស្សសុខាភិបាល តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះសង្គម។
ប្រវត្តិនៃការបង្កើត និងការអភិវឌ្ឍ
សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង មានទីតាំងស្ថិតនៅភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ស្ថិតនៅតាមបណ្តោយមាត់ទន្លេសេកុង ខាងកើតស្ពានមិត្តភាពកម្ពុជា–ចិនសេកុង ប្រមាណ ៤០០ ម៉ែត្រ និងមានផ្ទៃដីសរុប ៤៩,៨១៣ ម៉ែត្រការេ។
ការបង្កើតសាលា
សាលាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៨៧ តាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីលេខ ១១៧ សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៨៧។ ក្នុងដំណាក់កាលដំបូង សាលាស្ថិតក្រោម ការគ្រប់គ្រងរដ្ឋបាលរបស់មន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង។
ការគ្រប់គ្រងផ្ទាល់ដោយក្រសួងសុខាភិបាល
បន្ទាប់ពីដំណើរការបណ្តុះបណ្តាលអស់រយៈពេលជាច្រើនឆ្នាំ សាលាត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង រដ្ឋបាលផ្ទាល់របស់ក្រសួងសុខាភិបាល តាមអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ។
ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល
សាលាបានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើនសម្ភារៈសិក្សា និងពង្រីកទីតាំងកម្មសិក្សាគ្លីនិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ជាពិសេសនៅភូមិភាគឦសាន។
ដំណាក់កាលអភិវឌ្ឍជាយុទ្ធសាស្ត្រ
សាលាបន្តអនុវត្តផែនការយុទ្ធសាស្ត្រ ដោយផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពគ្រូ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការពង្រឹងការទទួលស្គាល់គុណភាព នៅថ្នាក់ជាតិ និងតំបន់។
សមិទ្ធផល និងសក្តានុពលសំខាន់ៗ
តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ សាលាបានពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល គ្រូបង្រៀន បរិក្ខារសិក្សា កម្មសិក្សាគ្លីនិក និងបរិយាកាសសម្រាប់និស្សិត។
ហេដ្ឋារចនាសម្ព័ន្ធសិក្សា
សាលាបានអភិវឌ្ឍបន្ទប់សិក្សាទ្រឹស្តី បន្ទប់អនុវត្តបង្ហាញត្រាប់ បន្ទប់ប្រជុំ និងសម្ភារៈសម្រាប់គាំទ្រ ដល់ការបង្រៀន និងការរៀន។
បណ្ណាល័យ និងការស្រាវជ្រាវ
សាលាមានបណ្ណាល័យសម្រាប់គាំទ្រ ការអាន ការសិក្សាស្រាវជ្រាវ និងការស្វែងយល់បន្ថែមរបស់គ្រូ និងនិស្សិត។
អន្តេវាសិកដ្ឋាន
សាលាមានអន្តេវាសិកដ្ឋានសម្រាប់ ផ្តល់កន្លែងស្នាក់នៅដល់និស្សិត ជាពិសេសនិស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតមកពីតំបន់ឆ្ងាយ។
កម្មសិក្សាគ្លីនិក
សាលាសហការជាមួយមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីផ្តល់ឱកាសឱ្យនិស្សិត អនុវត្តជំនាញគ្លីនិកជាក់ស្តែង ក្រោមការដឹកនាំរបស់គ្រូ និងអ្នកជំនាញ។
បញ្ហាប្រឈម និងតម្រូវការអភិវឌ្ឍ
ដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់វិស័យសុខាភិបាល និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងពង្រឹងសមត្ថភាពលើវិស័យសំខាន់ៗ។
០១. សមត្ថភាពគ្រូបង្រៀន
បន្តបង្កើនចំនួន និងពង្រឹងសមត្ថភាព គ្រូបង្រៀនទ្រឹស្តី និងគ្រូដឹកនាំ កម្មសិក្សាគ្លីនិកឱ្យឆ្លើយតប ទៅនឹងតម្រូវការកម្មវិធីសិក្សា។
០២. សម្ភារៈ និងឯកសារសិក្សា
បន្តបំពេញសម្ភារៈបង្រៀន សម្ភារៈបង្ហាញត្រាប់ ឯកសារយោង និងបច្ចេកវិទ្យា សម្រាប់គាំទ្រការរៀន និងការស្រាវជ្រាវ។
០៣. ប្រព័ន្ធព័ត៌មានឌីជីថល
បន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានអេឡិចត្រូនិក សម្រាប់ការគ្រប់គ្រង ការផ្តល់ព័ត៌មាន ការតាមដានកម្មសិក្សា និងការទំនាក់ទំនងជាមួយដៃគូអនុវត្ត។
០៤. ធនធាន និងនិរន្តរភាព
ពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងការស្វែងរកកិច្ចសហការជាមួយ ដៃគូជាតិ និងអន្តរជាតិ។
ទិសដៅ និងគោលដៅយុទ្ធសាស្ត្រ
ពង្រឹងគុណភាពបណ្តុះបណ្តាល
ពង្រឹងសមត្ថភាពគ្រូ បច្ចុប្បន្នភាពកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដើម្បីឱ្យការបណ្តុះបណ្តាលមានគុណភាព និងទទួលស្គាល់នៅថ្នាក់ជាតិ និងតំបន់។
អភិវឌ្ឍឯកសារយោង និងសម្ភារៈបង្រៀន
លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការចងក្រងឯកសារវិជ្ជាជីវៈ បណ្ណាល័យអេឡិចត្រូនិក និងបច្ចេកវិទ្យាគាំទ្រការរៀន។
ពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច
ធ្វើទំនើបកម្មប្រព័ន្ធព័ត៌មាន បង្កើនប្រសិទ្ធភាពការគ្រប់គ្រង តម្លាភាព គណនេយ្យភាព និងការតាមដានវាយតម្លៃលទ្ធផលការងារ។
អភិវឌ្ឍសាលាឆ្ពោះទៅកម្រិតខ្ពស់ជាងមុន
បន្តអភិវឌ្ឍសាលាឆ្ពោះទៅការក្លាយជា គ្រឹះស្ថានវិទ្យាសាស្ត្រសុខាភិបាល ដែលមានសមត្ថភាពខ្ពស់ និងអាចផ្តល់កម្មវិធីបណ្តុះបណ្តាល ជំនាញកាន់តែទូលំទូលាយ។
លើកកម្ពស់ឱកាសសិក្សាសម្រាប់និស្សិតគ្រប់រូប
បន្តយកចិត្តទុកដាក់ដល់និស្សិត មកពីតំបន់ឆ្ងាយ គ្រួសារខ្វះខាត និងនិស្សិតជនជាតិដើមភាគតិច ដើម្បីបង្កើនសមធម៌ក្នុងការទទួលបានការអប់រំ។
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ
ឆ្ពោះទៅការទទួលស្គាល់ថ្នាក់ជាតិ និងតំបន់
ក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាលកម្រិតឧត្តមសិក្សា ដែលមានគុណភាព និងមានការទទួលស្គាល់ នៅថ្នាក់ជាតិ និងតំបន់។
បេសកកម្ម
ចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល លើមុខជំនាញថែទាំវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ ប្រកបដោយគុណភាព សីលធម៌វិជ្ជាជីវៈ និងទំនុកចិត្តក្នុងការផ្តល់សេវាសុខាភិបាល។
ផ្តល់សេវាបណ្តុះបណ្តាលប្រកបដោយគុណភាព មានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការចងក្រង និងការផ្សព្វផ្សាយ ចំណេះដឹងវិជ្ជាជីវៈផ្នែកថែទាំវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ។
លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងពង្រឹងកិច្ចសហការជាមួយ ដៃគូថ្នាក់ជាតិ និងអន្តរជាតិ។
ចូលរួមអភិវឌ្ឍកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងជំនាញឯកទេសនានា ស្របតាមតម្រូវការវិស័យសុខាភិបាល។
គុណតម្លៃស្នូល
ទំនួលខុសត្រូវ
បំពេញភារកិច្ចដោយការទទួលខុសត្រូវ និងគោរពលំដាប់ការងារ។
សាមគ្គីភាព
លើកកម្ពស់ការសហការ និងការធ្វើការជាក្រុម។
មនុស្សធម៌ និងសមធម៌
គោរពមនុស្សធម៌ សប្បុរសធម៌ សមភាព និងយេនឌ័រ។
ការអភិវឌ្ឍវិជ្ជាជីវៈ
បន្តសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ។
តម្លាភាព
ប្រកបការងារដោយគណនេយ្យភាព និងតម្លាភាព។
ការចូលរួមសង្គម
ចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការអភិវឌ្ឍសហគមន៍។











