ទីតាំងទី១: រសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តសក័្តព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកិច្ចប្រជុំ ពិភាក្សា លើការបន្តសំណើគម្រោងដើម្បីបង្កើនឱកាសសម្រាប់ការបណ្តុះបណ្តាលជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រ។

 កិច្ចប្រជុំធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង លោកសាស្ត្រាចារ្យ Karel Roubik ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិស្វកម្មជីវវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាឆែក និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពទាំងពីរ។ កិច្ចប្រជុំបានពិភាក្សាផ្តោតជាសំខាន់លើលទ្ធភាព ពង្រឹង និងពង្រីកកាលានុវត្តភាពការងារសម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនៅប្រទេសកម្ពុជា ការសម្របសម្រួលក្នុងការរៀបចំឲ្យមានកម្រិតបរិញ្ញាបត្រ សម្រាប់កម្មវិធីសិក្សានេះ ដោយពិចារណាលើការបន្តពីកម្រិតបរិញ្ញាបត្ររង ទៅកម្រិតបរិញ្ញាបត្រ និងការបន្តដំណើរការកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ។ គួរជម្រាបថា សាកលវិទ្យាល័យបច្ចេកវិទ្យាឆែក (Czech Technical University) បានគាំទ្រការបណ្តុះបណ្តាលបរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពូជា ចាប់តាំងពីឆ្នាំ២០២០ រហូត មកដល់ពេលបច្ចុប្បន្ននេះ៕